ទារកលើសទម្ងន់ពេលកើត អាចប្រឈមបញ្ហាឬ?
ទារកដែលលើសទម្ងន់ពេលកើត ជាទារកដែលមានទម្ងន់ពេលកើតលើសពី ៤000ក្រាម ឬលើសពី ៩០ percentile នៃទម្ងន់ជាមធ្យមរបស់ទារកធម្មតា។
តាមរយៈការសិក្សាជាច្រើនបានបង្ហាញថា ស្តី្រមានផ្ទៃពោះទាំងអស់ប្រហែលជា ១% ទៅ ១០% អាចផ្តល់កំនើតនូវទារកដែលលើសទម្ងន់។
១) មូលហេតុរួមមាន៖
មូលហេតុដែលបណ្តាលឲ្យទារកលើសទម្ងន់មានៈ
- ម្តាយមានជំងឺទឹកនោមផ្អែមដែលការគ្រប់គ្រងជាតិស្ករពុំបានត្រឹមត្រូវ
- ការឡើងទម្ងន់ខុសពីធម្មតារបស់ម្តាយក្នុងកំឡុងពេលមានគភ៌
- កត្តាតំណពូជ (ឪពុក ឬម្តាយ មានមាឌធំ ឬធាត់)
២) ផលវិបាកដែលអាចកើតមាន៖
ក- កត្តាប្រឈមលើម្តាយៈ
- ការសម្រាលតាមផ្លូវធម្មជាតិមានការពិបាក
- អត្រាខ្ពស់ប្រឈមទៅនឹងការសម្រាលតាមការវះកាត់
ខ- កត្តាប្រឈមលើទារកក្នុងផ្ទៃ និងកំឡុងពេលសម្រាលៈ
- ការកើនឡើងនូវអត្រានៃភាពមិនប្រក្រតីពីកំណើត ទារកអាចប្រឈមនឹងការកើតពុំគ្រប់ខែ
- ទារកអាចជាប់ស្មា រឺរងរបួសពុំអាចលើកដៃរួច រឺបាក់ឆ្អឹង
- ទារកអាចប្រឈម នឹងការស្លាប់ក្នុងពោះ
គ- កត្តាប្រឈមលើទារកក្រោយកើតៈ
- ទារកអាចប្រឈមនឹងកង្វះជាតិស្ករ ដែលអាចបណ្តាលអោយប្រកាច់ រឺប៉ះពាល់ដល់ខួរក្បាល
- ទារកអាចមានវិបត្តិផ្លូវដង្ហើម (ហត់ដង្ហក់ និងថ្ងូរ)
- ទារកអាចមានកំហាប់ឈាមខាប់ខុសពីធម្មតា ដែលបណ្តាលអោយមានខាន់លឿងខ្លាំង និងរយៈពេលយូរ
- ទារកអាចមានសាច់ដុំបេះដូងរីក
៣) វិធីបង្ការ និងព្យាបាល៖
- ការតាមដានផ្ទៃពោះ អោយបានទៀងទាត់ជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព ការវាស់ប្រវែង និងប៉ាន់ប្រមាណទម្ងន់ទារកមុនសម្រាល តាមរយៈអេកូសាស្រ្តអាចប៉ាន់ស្មានទុកជាមុននូវការសម្រាលត្រឹមត្រូវ បើទារកមានទម្ងន់ធ្ងន់ រឺលើសទម្ងន់។
- ការពិគ្រោះ និងប្រឹក្សាជាមួយគ្រូពេទ្យឯកទេសផ្នែកទឹកនោមផ្អែម ចំពោះស្រ្តីមានផ្ទៃពោះដែលមានជំងឺទឹកនោមផ្អែមដើម្បីគ្រប់គ្រងជាតិស្ករអោយបានត្រឹមត្រូវ អាចកាត់បន្ថយអត្រាផ្តល់កំណើតទារកលើសទម្ងន់។
- ការគ្រប់គ្រងរបបចំនីអាហារអោយបានត្រឹមត្រូវចំពោះស្រ្តី ចៀសវាងការឡើងទម្ងន់ខុសពីធម្មតាក្នុងកំឡុងពេលមានផ្ទៃពោះ។ ការឡើងទម្ងន់ខុសពីប្រក្រតី អាចបង្កអោយមានផលប៉ះពាល់ដល់ពេលអនាគតទាំង ម្តាយ និងទារក ដូចជាការប្រឈមមុខនឹងជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងលើសឈាម ព្រមទាំងជំងឺធាត់។
- ទារកដែលមានទម្ងន់ធ្ងន់ រឺលើសគីឡូ នឹងត្រូវបានវាយតំម្លៃ ពិនិត្យ តាមដាន និងព្យាបាល នៅផ្នែកទារកដោយគ្រូពេទ្យឯកទេសផ្នែកកុមារ។
ប្រសិនបើមានរោគសញ្ញា ឬករណីដូចដែលបានរៀបរាប់ខាងលើ សូមប្រញាប់មកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញឯកទេសពាក់ព័ន្ធ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការព្យាបាលទាន់ពេលវេលា ដែលធានាបានសុខមាលភាពទាំងម្តាយ និងទារក។
ប្រភព ៖ មន្ទីរពេទ្យកាល់ម៉ែត
No comments: